ក្នុងសម័យបច្ចុប្បន្ននេះ មិនត្រឹមតែជាសម័យឌីជីថលប៉ុណ្ណោះនោះទេ ប៉ុន្តែគេក៏អាចនិយាយបានថាជាសម័យមួយដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សផងដែរ ពោលមិនដូចសម័យមុនទៀតឡើយ ខណៈការទិញស្មាតហ្វូនវិញ ក៏មិនដូចសម័យមុនផងដែរ។
បើក្រឡេកទៅ ៥ឆ្នាំមុន បងប្អូនប្រាកដជាដឹងហើយថា នៅពេលដែលទិញស្មាតហ្វូនថ្មី គឺតែងតែទទួលបាននូវឆ្នាំងសាក ខ្សែសាក ម្ចុលចាក់សុីម និងកាសនៅក្នុងប្រអប់មកជាមួយ ប៉ុន្តែនៅក្នុងពេលបច្ចុប្បន្ននេះវិញ នៅដែលទិញស្មាតហ្វូន គឺទទួលបានតែខ្សែសាក ម្ចុលចាក់សុីម និងឯកសារប៉ុណ្ណោះ ពោលគឺមិនមានឆ្នាំងសាកទៀតនោះឡើយ ខណៈនៅក្នុងពេលឆាប់ៗខាងមុខនេះវិញ នៅដែលបងប្អូនទិញស្មាតហ្វូនថ្មី ១គ្រឿង បងប្អូននឹងទទួលបានតែទូរស័ព្ទចំនួន ១គ្រឿង និងឯកសារណែនាំតែប៉ុណ្ណោះ ពោលគឺនឹងមិនទទួលបាននូវឆ្នាំងសាក ខ្សែសាក ម្ចុលចាក់សុីម និងកាសស្តាប់ត្រចៀកដូចមុនទៀតនោះឡើយ ហើយវាក៏ជានិន្នាការថ្មីដើម្បីជួយការពារបរិស្ថានរបស់ពិភពលោកផងដែរ។
ក្រៅពីនេះ ចំពោះការដកចេញនូវឧបករណ៍ទាំងនេះ ក៏ជាជំហានថ្មីមួយដើម្បីកាត់បន្ថយការធ្វើផលិតកម្មបន្ថែមផងដែរ ប៉ុន្តែការផ្លាស់ប្តូរនេះទៀតសោត ក៏បានធ្វើឲអ្នកប្រើប្រាស់ជាច្រើនមានការមិនសប្បាយចិត្តផងដែរ ព្រោះត្រូវចំណាយថវិកាបន្ថែមសម្រាប់ទិញឧបករណ៍ទាំងនេះ។ ចុះបងប្អូនវិញយល់យ៉ាងណាដែរ សម្រាប់និន្នាការថ្មីនេះ កុំភ្លេចខមិននៅខាងក្រោម៕